កាលីហ្វ័នាខែ្មរ

បទៈ ពង្សាវតារខ្មែរនិពន្ធដោយៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត

១. ខ្មែរអើយ ចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯង តែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។ ២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។ ៣. ខ្មែរអើយ ចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ។ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត ទ្រង់​គឺ​ជា​មគ្គុទេសក៍​ភាសា និង​ជា​អ្នក​ដឹក​នាំ​យ៉ាង​អស្ចារ្យ​ ទាំង​ផ្លូវ​ធម្ម និង​ផ្លូវ​លោក ចំពោះ​ខេមរ​ជន មិន​ថា​ក្នុង​សម័យ​ទ្រង់​មាន​ព្រះជន្ម​នៅ​ឡើយ ឬ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ នេះ​ហើយ​សម​ដូច​ជា​ពាក្យ​គេ​ថា ខ្លួន​ស្លាប់​ទៅ​ កេរ្តិ៍​ឈ្មោះ​រស់​នៅ រស់​មិន​ស្លាប់

Wednesday, February 4, 2009

នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន លោក កែ គឹមយ៉ាន ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​


សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៩ ដល់ ២៥ មករា ២០០៩
ដោយ សោភ័ណ
2009-01-25
ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន លោក កែ គឹមយ៉ាន ត្រូវ​បាន​គេ​បញ្ឈប់​ពី​តំណែង​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។


RFA File

លោក កែ គឹមយ៉ាន អតីត​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។

កញ្ញា សោភ័ណ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១៩ ដល់ ២៥ មករា ឆ្នាំ​២០០៩។

នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន កែ គឹមយ៉ាន ត្រូវ​គេ​បញ្ឈប់​ពី​តំណែង

នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន លោក កែ គឹមយ៉ាន ត្រូវ​បាន​គេ​បញ្ឈប់​ពី​តំណែង​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ក្នុងសប្ដាហ៍​នេះ​ដោយ​ការដាក់​មនុស្ស​ថ្មី​មក​ជំនួស​វិញ។

យោង​តាម​ព្រះរាជ​ក្រឹត្យ​ឡាយព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវ​បាន​គេ​តែតាំង​ឲ្យ​កាន់កាប់​តំណែង​ជំនួស​លោក​ឧត្តមសេនីយ៍ កែ គឹមយ៉ាន។

ព្រះរាជ​ក្រឹត្យ​មិន​បាន​ជូន​ដំណឹង​ថា តើ​លោក​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ត្រូវ​គេ​ប្រគល់​តំណែង​អ្វី​ថ្មី​ណា​មួយ​នោះ​ទេ ព្រះរាជ​ក្រឹត្យ​គ្រាន់តែ​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ចេញ​ពី​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​តែ​ប៉ុណ្ណោះ។

ព្រះរាជ​ក្រឹត្យ​នៅ​បាន​តែងតាំង​ឧត្តមសេនីយ៍​យោធា​៧​នាក់​ផ្សេង​ទៀត​បន្ថែម​លើ​មុខ​នាទី​បច្ចុប្បន្ន​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ទូទាំង​ផ្ទៃ​ប្រទេស លោក​ឧត្ដមសេនីយ៍​ឯក ឈិន ចាន់ពណ៌ ត្រូវ​គេ​ប្រកាស​ដក​ចេញ​ពី​តំណែង​នា​សប្ដាហ៍​នេះ​ដែល​ការដក​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ជា​ការដក​ហូត​តំណែង​មន្រ្តី​ជាន់​ខ្ពស់​យោធា​ពីរ​រូប​ហើយ​នៅ​ក្នុង​សប្ដាហ៍​នេះ។

អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២២ មករា បាន​សរសេរ​ថា លោក​ឧត្ដមសេនីយ៍​ឯក ឈិន ចាន់ពណ៌ ត្រូវ​គេ​បញ្ឈប់​តំណែង​ជា​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ ប៉ុន្តែ​អនុក្រឹត្យ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបញ្ឈប់​នោះ​ឡើយ។

នេះ​គឺ​ជា​ការដក​តំណែង​លើក​ទី​២​ហើយ​ដល់​មន្រ្តី​យោធា​ជាន់​ខ្ពស់​នៅ​ក្នុង​សប្ដាហ៍​នេះ បន្ទាប់​ពី​ការដក​ហូត​តំណែង លោក កែ គឹមយ៉ាន ពី​អគ្គ​មេ​បញ្ជាការ​កង​កម្លាំង​ទូទាំង​ប្រទេស​នោះ​មក។

កម្ពុជា​នឹង​មិន​លើក​អំពី​ទំនាស់​ព្រំដែន​ជាមួយ​ថៃ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ានទេ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ឯ​ខេត្ត​ឧត្ដរមានជ័យ​ថា កម្ពុជា​នឹង​មិន​លើក​បញ្ហា​ទំនាស់​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ធ្វើ​នៅ​ប្រទេស​ថៃ​ឡើយ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២០ មករា នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​ខេត្ត​ឧត្តរមានជ័យ ថា បញ្ហា​ទំនាស់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​រដ្ឋាភិបាល​នឹង​មិន​លើក​យក​ទៅ​ដាក់​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ​ជួយ​ដោះស្រាយ​ឲ្យ​ទេ គឺ​ទុក​ដោះស្រាយ​ទ្វេ​ភាគី​រវាង​កម្ពុជា​ជាមួយ​ថៃ​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ការដោះស្រាយ​បញ្ហា​ទំនាស់​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​តាមរយៈ​ទ្វេ​ភាគី​មិន​សង្ឃឹម​ថា​បាន​ទទួល​លទ្ធផល​ទេ។

ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​៥​ឆ្នាំ​នៃ​ការស្លាប់​របស់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​នៅ​ក្បែរ​វត្ត​លង្កា មាន​ប្រសាសន៍​ថា ការដោះស្រាយ​បញ្ហា​ទំនាស់​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ថៃ​គួរ​មាន​អន្តរជាតិ​ចូលរួម​ព្រោះ​ប្រទេស​កម្ពុជា​តូច​មិន​អាច​ដោះស្រាយ​ជាមួយ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ធំ​នោះ​បាន​ដោយ​ងាយ​ស្រួល​ឡើយ។

សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​ដំបូង​នៅ​ថ្ងៃ​១៧ កុម្ភៈ ២០០៩

សាលាក្តី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​ដំបូង​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០០៩ ដើម្បី​កាត់​ទោស​អតីត​ប្រធាន​គុក​ទួលស្លែង។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្តី​សម្រេច​អំពី​កាល​បរិច្ឆេទ​សវនាការ​បឋម​ទៅ​លើ​ឈ្មោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួលស្លែង​ក្នុង​សម័យ​ខ្មែរ​ក្រហម​កាន់​អំណាច​ថា នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ និង​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​នៅ​សាល​សវនាការ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​វែក​មុខ​ឃាតករ​សម្លាប់ ជា វិជ្ជា

គណបក្ស​ប្រឆាំង​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទាមទារ​នៅ​ព្រឹក​ថ្ងៃ​២២ មករា​នេះ ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​ឃាតករ​ដៃ​ដល់​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា។

មាន​ប្រសាសន៍​ក្នុង​ពិធី​រំឭក​ខួប​គម្រប់​៥​ឆ្នាំ​ថ្ងៃ​ដែល​លោក ជា វិជ្ជា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន គឺ​លោក ជា មុនី ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា បាន​ធ្វើការ​ទាមទារ​យ៉ាង​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល​វែក​មុខ​ឃាតករ​ដៃ​ដល់​ដើម្បី​ផ្តល់​យុត្តិធម៌​ចំពោះ​វិញ្ញាណក្ខន្ធ​បង​ប្រុស​របស់​លោក។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ បំភ្លឺ​ចំពោះ​ការទាមទារ​ខាង​លើ​នេះ​ថា រាជ​រដ្ឋាភិបាល​កំពុង​រង់ចាំ​ការសម្រេច​ជា​ស្ថាពរ​របស់​តុលាការ​សិន​មុន​នឹង​ចាត់​វិធានការ​ណា​មួយ​ចំពោះ​បញ្ហា​នេះ។

បក្ស​សមរង្ស៊ី​និង​គណបក្សសិទ្ធិ​មនុស្ស​ស្នើសុំ​ងារ​ជា​វីរជន​កម្មករ​ដល់ ជា វិជ្ជា

គណបក្ស​សមរង្សី​និង​គណបក្ស​សិទ្ធិ​មនុស្ស​រួម​គ្នា​ស្នើសុំ​ព្រះ​មហាក្សត្រ​ខ្មែរ​ប្រទាន​ងារ​វីរជន​កម្មករ​ដល់​សព​លោក ជា វិជ្ជា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា។

Human Rights Watch ចេញ​សេចក្ដី​រាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ចំណែក​ឯ​អង្គការ Human Rights Watch ចេញ​សេចក្ដី​រាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សេចក្តី​រាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ​បាន​រិះគន់​រាជ​រដ្ឋាភិបាល​ខ្មែរ​ពាក់ព័ន្ធ​នឹង​ចំណុច​ធំៗ​មួយចំនួន​ដូច​ជា​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ទាក់ទង​ក្នុង​រយៈពេល​បោះ​ឆ្នោត សេរីភាព​បញ្ចេញ​មតិ ការរឹប​អូស​ដី ដំណើរការ​កាត់ទោស​ខ្មែរ​ក្រហម ស្ថានភាព​គុក និង​ការចាប់​មនុស្ស ការគោរព​ច្បាប់។ល។

នាយក​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch អ្នកស្រី Sophie Richardson បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​គេ​បាន​កត់សម្គាល់​កាលពី​ឆ្នាំ​២០០៨​កន្លង​មក​នេះ។

អ្នកស្រីបាន​មាន​ប្រសាសន៍​ថា ៖ "កម្ពុជា​នៅតែ​បន្ត​និន្នាការ​ផ្ដាច់ការ​របស់​ខ្លួន​នៅ​ឆ្នាំ​២០០៨។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ក្នុង​ការបោះ​ឆ្នោត​សកល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ខ្វះ​ចន្លោះ​មួយ​ទៀត​កាលពី​ខែ​កក្កដា។ ការបោះឆ្នោត​នេះ​បាន​ទទួល​ការរិះគន់​ពី​សហភាព​អឺរ៉ុប​និង​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា​ពុំ​បាន​ប្រព្រឹត្ត​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ឡើយ"។

មន្ត្រី​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​របស់​រាជ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងឡាយ​នោះ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែង​ថា​សេចក្តី​រាយការណ៍​នោះ​មាន​ទំនោរ​នយោបាយ​ដែល​គ្មាន​បំណង​ចង់​ជួយ​ស្ថាបនា​ប្រទេស​កម្ពុជា​នោះ​ឡើយ៕