Wednesday, February 4, 2009
នាយឧត្តមសេនីយ៍ផ្កាយបួន លោក កែ គឹមយ៉ាន ត្រូវបានបញ្ឈប់ពីតំណែង
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៩ ដល់ ២៥ មករា ២០០៩
ដោយ សោភ័ណ
2009-01-25
ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន នាយឧត្តមសេនីយ៍ផ្កាយបួន លោក កែ គឹមយ៉ាន ត្រូវបានគេបញ្ឈប់ពីតំណែងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងព័ត៌មានផ្សេងៗដទៃទៀត។
RFA File
លោក កែ គឹមយ៉ាន អតីតអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
កញ្ញា សោភ័ណ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៩ ដល់ ២៥ មករា ឆ្នាំ២០០៩។
នាយឧត្តមសេនីយ៍ផ្កាយបួន កែ គឹមយ៉ាន ត្រូវគេបញ្ឈប់ពីតំណែង
នាយឧត្តមសេនីយ៍ផ្កាយបួន លោក កែ គឹមយ៉ាន ត្រូវបានគេបញ្ឈប់ពីតំណែងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៅក្នុងសប្ដាហ៍នេះដោយការដាក់មនុស្សថ្មីមកជំនួសវិញ។
យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្តដោយព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី នាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេតែតាំងឲ្យកាន់កាប់តំណែងជំនួសលោកឧត្តមសេនីយ៍ កែ គឹមយ៉ាន។
ព្រះរាជក្រឹត្យមិនបានជូនដំណឹងថា តើលោកឧត្តមសេនីយ៍ កែ គឹមយ៉ាន ត្រូវគេប្រគល់តំណែងអ្វីថ្មីណាមួយនោះទេ ព្រះរាជក្រឹត្យគ្រាន់តែត្រាស់បង្គាប់បញ្ចប់តំណែងលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចេញពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទតែប៉ុណ្ណោះ។
ព្រះរាជក្រឹត្យនៅបានតែងតាំងឧត្តមសេនីយ៍យោធា៧នាក់ផ្សេងទៀតបន្ថែមលើមុខនាទីបច្ចុប្បន្នជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
មេបញ្ជាការរងកងរាជអាវុធហត្ថទូទាំងផ្ទៃប្រទេស លោកឧត្ដមសេនីយ៍ឯក ឈិន ចាន់ពណ៌ ត្រូវគេប្រកាសដកចេញពីតំណែងនាសប្ដាហ៍នេះដែលការដកនេះត្រូវគេមើលឃើញថា គឺជាការដកហូតតំណែងមន្រ្តីជាន់ខ្ពស់យោធាពីររូបហើយនៅក្នុងសប្ដាហ៍នេះ។
អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២២ មករា បានសរសេរថា លោកឧត្ដមសេនីយ៍ឯក ឈិន ចាន់ពណ៌ ត្រូវគេបញ្ឈប់តំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថ ប៉ុន្តែអនុក្រឹត្យមិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ឈប់នោះឡើយ។
នេះគឺជាការដកតំណែងលើកទី២ហើយដល់មន្រ្តីយោធាជាន់ខ្ពស់នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីការដកហូតតំណែង លោក កែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងកម្លាំងទូទាំងប្រទេសនោះមក។
កម្ពុជានឹងមិនលើកអំពីទំនាស់ព្រំដែនជាមួយថៃក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ
នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅឯខេត្តឧត្ដរមានជ័យថា កម្ពុជានឹងមិនលើកបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើនៅប្រទេសថៃឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២០ មករា នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់សាលាខេត្តឧត្តរមានជ័យ ថា បញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា-ថៃនៅតំបន់ប្រាសាទព្រះវិហាររដ្ឋាភិបាលនឹងមិនលើកយកទៅដាក់ឲ្យកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃនាពេលខាងមុខជួយដោះស្រាយឲ្យទេ គឺទុកដោះស្រាយទ្វេភាគីរវាងកម្ពុជាជាមួយថៃតែប៉ុណ្ណោះ។
ចំណែកឯប្រធានគណបក្សប្រឆាំងបានលើកឡើងថា ការដោះស្រាយបញ្ហាទំនាស់ព្រំដែននៅតំបន់ប្រាសាទព្រះវិហាររវាងប្រទេសកម្ពុជាជាមួយប្រទេសថៃតាមរយៈទ្វេភាគីមិនសង្ឃឹមថាបានទទួលលទ្ធផលទេ។
ថ្លែងនៅក្នុងពិធីរំឭកខួប៥ឆ្នាំនៃការស្លាប់របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជានៅក្បែរវត្តលង្កា មានប្រសាសន៍ថា ការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជាជាមួយថៃគួរមានអន្តរជាតិចូលរួមព្រោះប្រទេសកម្ពុជាតូចមិនអាចដោះស្រាយជាមួយប្រទេសថៃដែលជាប្រទេសធំនោះបានដោយងាយស្រួលឡើយ។
សាលាក្ដីខ្មែរក្រហមបើកសវនាការដំបូងនៅថ្ងៃ១៧ កុម្ភៈ ២០០៩
សាលាក្តីខ្មែរក្រហមនឹងបើកសវនាការដំបូងនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០០៩ ដើម្បីកាត់ទោសអតីតប្រធានគុកទួលស្លែង។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញផ្សាយសេចក្តីសម្រេចអំពីកាលបរិច្ឆេទសវនាការបឋមទៅលើឈ្មោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានគុកទួលស្លែងក្នុងសម័យខ្មែរក្រហមកាន់អំណាចថា នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៧ កុម្ភៈ និងថ្ងៃបន្តបន្ទាប់ទៀតនៅសាលសវនាការរបស់សាលាក្តីខ្មែរក្រហម។
បក្សប្រឆាំងនិងសង្គមស៊ីវិលទាមទារឲ្យវែកមុខឃាតករសម្លាប់ ជា វិជ្ជា
គណបក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលបានទាមទារនៅព្រឹកថ្ងៃ២២ មករានេះ ឲ្យរដ្ឋាភិបាលវែកមុខរកឃាតករដៃដល់ដែលបានសម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា។
មានប្រសាសន៍ក្នុងពិធីរំឭកខួបគម្រប់៥ឆ្នាំថ្ងៃដែលលោក ជា វិជ្ជា ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន គឺលោក ជា មុនី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានធ្វើការទាមទារយ៉ាងទទូចឲ្យរាជរដ្ឋាភិបាលវែកមុខឃាតករដៃដល់ដើម្បីផ្តល់យុត្តិធម៌ចំពោះវិញ្ញាណក្ខន្ធបងប្រុសរបស់លោក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ បំភ្លឺចំពោះការទាមទារខាងលើនេះថា រាជរដ្ឋាភិបាលកំពុងរង់ចាំការសម្រេចជាស្ថាពររបស់តុលាការសិនមុននឹងចាត់វិធានការណាមួយចំពោះបញ្ហានេះ។
បក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សស្នើសុំងារជាវីរជនកម្មករដល់ ជា វិជ្ជា
គណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សរួមគ្នាស្នើសុំព្រះមហាក្សត្រខ្មែរប្រទានងារវីរជនកម្មករដល់សពលោក ជា វិជ្ជា និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាវែកមុខឃាតករពិតដែលបានសម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា។
Human Rights Watch ចេញសេចក្ដីរាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ចំណែកឯអង្គការ Human Rights Watch ចេញសេចក្ដីរាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីរាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះបានរិះគន់រាជរដ្ឋាភិបាលខ្មែរពាក់ព័ន្ធនឹងចំណុចធំៗមួយចំនួនដូចជាស្ថានការណ៍សិទ្ធិមនុស្សទាក់ទងក្នុងរយៈពេលបោះឆ្នោត សេរីភាពបញ្ចេញមតិ ការរឹបអូសដី ដំណើរការកាត់ទោសខ្មែរក្រហម ស្ថានភាពគុក និងការចាប់មនុស្ស ការគោរពច្បាប់។ល។
នាយកនៃអង្គការសិទ្ធិមនុស្ស Human Rights Watch អ្នកស្រី Sophie Richardson បានមានប្រសាសន៍ប្រាប់អ្នកកាសែតអំពីស្ថានភាពសិទ្ធិមនុស្សដែលគេបានកត់សម្គាល់កាលពីឆ្នាំ២០០៨កន្លងមកនេះ។
អ្នកស្រីបានមានប្រសាសន៍ថា ៖ "កម្ពុជានៅតែបន្តនិន្នាការផ្ដាច់ការរបស់ខ្លួននៅឆ្នាំ២០០៨។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានពង្រឹងអំណាចរបស់ខ្លួនក្នុងការបោះឆ្នោតសកលដែលពោរពេញទៅដោយភាពខ្វះចន្លោះមួយទៀតកាលពីខែកក្កដា។ ការបោះឆ្នោតនេះបានទទួលការរិះគន់ពីសហភាពអឺរ៉ុបនិងតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ថាពុំបានប្រព្រឹត្តទៅតាមស្តង់ដារអន្តរជាតិឡើយ"។
មន្ត្រីទីប្រឹក្សានាយករដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង ដែលជាប្រធានគណៈកម្មាធិការការពារសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលបានមានប្រសាសន៍បដិសេធចំពោះការចោទប្រកាន់ទាំងឡាយនោះ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងថាសេចក្តីរាយការណ៍នោះមានទំនោរនយោបាយដែលគ្មានបំណងចង់ជួយស្ថាបនាប្រទេសកម្ពុជានោះឡើយ៕
Subscribe to:
Posts (Atom)