Thursday, August 4, 2011
យឹម សុវណ្ណ ៖ ខ្ញុំមិនដែលឃើញមេដឹកនាំប្រទេសក្នុងពិភពលោក មានអង្គរក្សច្រើនដូចលោក ហ៊ុន សែន ទេ(ខ្ញុំក៏គិតអញ្ចឹងដែរ)
យឹម សុវណ្ណ ៖ ខ្ញុំមិនដែលឃើញមេដឹកនាំប្រទេសក្នុងពិភពលោក មានអង្គរក្សច្រើនដូចលោក ហ៊ុន សែន ទេ
1,222 Views Tweet
ពុធ 03 សីហា 2011 8:29 AM
មន្រ្តីអ្នកនាំពាក្យគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំងលំដាប់ទី១ក្នុងប្រទេសកម្ពុជា គឺលោក យឹម សុវណ្ណ បានធ្វើការរិះគន់ខ្លាំងៗចំពោះមេដឹកនាំគណបក្សប្រជាជនដែលមានអង្គរក្សផ្ទាល់ខ្លួនច្រើនសន្ធឹកសន្ទាប់ ហើយថា ទង្វើនេះវាធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ។ ការរិះគន់បែបនេះ គឺធ្វើឡើងក្រោយពីមានការដាក់សម្ពោធឲ្យប្រើប្រាស់នូវឃ្លាំងរថក្រោះរបស់អង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចំណាយទឹកប្រាក់អស់ប្រមាណ២៨លានដុល្លារកាលពីថ្ងៃម្សិលមិញ។
កងរថក្រោះនៃក្រុមអង្គរក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក យឹម សុវណ្ណ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ដែលចេញផ្សាយនៅថ្ងៃនេះថា «ខ្ញុំមិនដែលឃើញមេដឹកនាំប្រទេសក្នុងពិភពលោកមានអង្គរក្សច្រើនដូចជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ហើយខ្ញុំគិតថា ការចំណាយថវិកាជាតិដើម្បីទ្រទ្រង់ទៅកងអង្គរក្សច្រើនបែបនេះ នឹងប៉ះពាល់ដល់ស្ថានភាពរស់នៅរបស់ប្រជាជនក្រីក្រ និងបង្កើតអំពើពុករលួយនៅក្នុងប្រទេស»។
ស្របគ្នានេះដែរ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានធ្វើការរិះគន់ថា ការដែលលោកនាយករដ្ឋមន្រ្តីមានអង្គរក្សច្រើន បានបណ្តាលឲ្យមានការបាត់បង់ថវិកាជាតិ និងប៉ះពាល់ដល់បញ្ហាសង្គមជាច្រើន។ «ខ្ញុំមើលឃើញថា អង្គរក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន, រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត បានប្រើឥទ្ធិពលរបស់ខ្លួនលើបញ្ហាសង្គម ដូចជាកាប់ឈើខុសច្បាប់ រំលោភយកដីគេ និងជម្លោះផ្សេងៗ»។
ចំនួនអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនត្រូវបានគេប្រកាសឲ្យដឹងជាផ្លូវការនោះទេ។ ប៉ុន្តែបើតាមការប៉ាន់ប្រមាណក្នុងពិធីសម្ពោធឃ្លាំងសម្រាប់រក្សាទុករថក្រោះ រថពាសដែក និងសម្ភារៈយោធា កាលពីថ្ងៃម្សិលមិញ អាចមានរថក្រោះ និងរថពាសដែករាប់រយគ្រឿងទុកនៅក្នុងឃ្លាំងនោះ៕